មនុស្សមិនអាចរស់នៅ ដោយគ្មានអាហារនោះទេ។ ម្ហូបអាហារ គឺមានសារៈសំខាន់ ណាស់ចំពោះរាងកាយទាំងសុខភាព និងសម្រស់ ដែលក្នុងនោះមានអាហារ ៥យ៉ាងដែលផ្ដល់ផលប្រយោជន៍ខ្លាំង ដល់ស្ដ្រីដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ ដែលមិនគួរណាខ្វះនូវអាហារទាំង ៥មុខនេះដាច់ខាត ដើម្បីថែទាំសុខភាព ការពារជំងឺផ្សេងៗដែលនឹងមកយាយី។ អាហារទាំង ៥មុខនោះមានដូចតទៅ៖
១. ទឹកដោះគោជូរធម្មជាតិដែលមានជាតិខ្លាញ់ទាប៖ វាមានប្រយោជន៍អាចជួយ កាត់ បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងការឆ្លងមេរោគចូលទៅក្នុង ទ្វារមាសស្រ្តី ក្រៅពីនេះវាថែមទាំងមាន ផ្ទុកសារធាតុកាល់ស្យូមខ្ពស់ ជួយបង្ការជំងឺពុកឆ្អឹងបានយ៉ាងល្អផងដែរ។
គួរទទួលទានវាឱ្យបាន៖ ក្នុងមួយសប្តាហ៍ ៣-៥ ដង។

២. ខ្លាញ់ត្រី៖ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាលម៉ុង និងពពួកត្រីសមុទ្រជាដើម មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3ជាច្រើន ដែលអាចជួយបង្ការជំងឺរលាកសន្លាករ៉ាំរ៉ៃ ដែលជាទូទៅត្រូវបានគេរកឃើញថា វាច្រើនកើតមានឡើងចំពោះស្ត្រី ច្រើនជាងបុរស។
គួរទទួលទានខ្លាញ់ត្រីឱ្យបាន៖ ២-៣ដង ក្នុងមួយសប្តាហ៍។

៣. គ្រាប់សណ្តែក រាប់ទាំងសណ្តែកដែលអាចបរិភោគបានទាំងសំបកផង៖ ដូចជាសណ្តែកខៀវ សណ្តែកក្រហម សណ្តែកខ្មៅជាដើម រួមទាំងសណ្តែកសៀង និង សណ្តែកដីផងដែរ សុទ្ធតែមានសារជាតិសរសៃខ្ពស់ដែលអាចជួយ អង់ហ្ស៊ីមប្រូទីអេស ការពារ និងកាត់បន្ថយការរីកសាយនៃកោសិកាមហារីក ជួយការពារជំងឺមហារីកសុដន់ និងបន្ថយផលប៉ះពាល់យ៉ាងខ្លាំង ទៅលើអ័រម៉ូនភេទរបស់ស្រី្ត។
គួរទទួលទានឱ្យបាន៖២-៣ ដង ក្នុងមួយសប្តាហ៍។

៤. ប៉េងប៉ោះ និងឪឡឹក៖ ពួកវាមានផ្ទុកសារជាតិលីកូពីន ដែលអាចជួយការពារ ជំងឺមហារីកសុដន់ និងប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលវាធ្វើឱ្យស្រ្តីមើលទៅ មានវ័យក្មេងជាងមុន ថែមទាំងអាចជួយការពារស្បែកពីកាំរស្មីឡាស៊ែ ដែលធ្វើឱ្យខូចខាតដល់ស្បែកបានទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៥ដង ក្នុងមួយសប្តាហ៍។

៥. ប្រភេទប៊ឺរី៖ ដូចជា ផ្លែប្លូប៊ឺរី (blueberry) ស្ត្រ៊រប៊ឹរី (strawberry) រ៉ាស់ប៊ឺរី (raspberry) ជាដើម សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលកោសិកាក្នុង រាងកាយរបស់យើង។ ដូចគ្នានេះផងដែរ តាមការស្រាវជ្រាវបានបញ្ជាក់ថា វាមានសមត្ថភាពអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកជាច្រើនរួម ទាំងជំងឺមហារីកសុដន់ ជំងឺមហារីកប្រព័ន្ធរំលាយអាហារបានយ៉ាង មានប្រសិទ្ធភាពទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៤ ដង ក្នុងមួយសប្តាហ៍។

ដូច្នេះប្រសិនចង់ក្លាយជានារី ដែលមានសុខភាពល្អ និងសម្រស់ស្រស់ស្អាត ទោះឈានចូលដល់វ័យជ្រេបន្តិចក្តី ក៏អស់បារម្ភដែរជាមួយនឹង អាហារទាំង៥មុខខាងលើនេះ៕